ស្ថានីយ​ជញ្ជីង​ថ្លឹង​ទម្ងន់​រថយន្ត​ស្ទឹង​ច្រាល និង​ស្ថានីយ​អូរ​ចំណារ ផ្លូវជាតិ​លេខ៤ ក្នុង​ខេត្ត​ព្រះសីហនុ ក្លាយជា​ជញ្ជីង​ថ្លឹង​លុយ​

ប្រភព​ព័ត៌មាន​ពី​ក្រុម​ឈ្មួញ និង​ក្រុមហ៊ុន​ដឹកជញ្ជូន​ទំនិញ​តាម​រថយន្ត តាមផ្លូវ​ជាតិ​លេខ៤ បាន​អះអាង​ថា ស្ថានីយ​ជញ្ជីង​ថ្លឹង​ទម្ងន់​សំរាប់ រថយន្ត​ស្ទឹង​ច្រាល និង​ស្ថានីយ​អូរ​ចំណារ មាន​ទីតាំងនៅ​តាមផ្លូវ​ជាតិ​លេខ៤ ខេត្ត​ព្រះសីហនុ បាន​ប្រព្រឹត្ត​អំពើពុករលួយ​ដុះស្លែ​រាប់​ឆ្នាំ​មក​ហើយ ហើយ​បាន​ប្រែក្លាយ​ជា​ជញ្ជីង​ថ្លឹង​លុយ​ជំនួស​វិញ រហូត​មកទល់​សព្វថ្ងៃ​នេះ។ 

ប្រភព​ដដែល​បន្ត​ថា ជាបន្តបន្ទាប់​មកនេះ សម្រាប់​មន្ត្រី​ប្រចាំការ​នៅ​តាម​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ត​ស្ទឹង​ច្រាល និង​ស្ថានីយ​អូរ​ចំណារ ផ្លូវជាតិ​លេខ៤ គឺ​ពួក​គេ មិន​ខ្វល់​ថា រថយន្ត​បើក​ឆ្លងកាត់​ផ្លូវជាតិ​លេខ៤ ផ្ទុកទំនិញ​គ្រប់​ទំ​ងន់ ឬលើស​ទំ​ងន់​នោះ​ទេ គឺ​ឲ្យតែ​មាន​លុយ​បង់​គ្រប់​ចំនួន​តាម​ការ​ទាមទារ របស់​ពួក​គេ​ចង់បាន​ជាការស្រេច ដោយ​រថយន្ត​ដឹកទំនិញ​ទាំងនោះ មិនបាច់​បើក​ឡើងលើ​ជញ្ជីង​ថ្លឹង​នោះ​ទេ។ 

ប្រភព​ដដែល​បញ្ជាក់​ថា រថយន្ត​ដែល​តែង​ដឹក​លើស​ទម្ងន់​ពី​ច្បាប់កំណត់​នោះ​រួមមាន៖ រថយន្ត​ធុន​ធំ​ដឹក​ថ្ម ដឹក​ខ្សាច់ ដឹក​ដែក និង​ដឹក​ស៊ីម៉ងត៍​ជាដើម។ 

ក្រុម​ឈ្មួញ និង​អាជីវករ​មួយចំនួន ដែល​មិន​ពេញចិត្ត ចំពោះ​សកម្មភាព របស់​មន្ត្រី​ប្រចាំ​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ត​ស្ទឹង​ច្រាល និង​អូរ​ចំណារ បាន​រិះ​ចោទ​ថា ជញ្ជីង​ថ្លឹង​ទម្ងន់​រថយន្ត​នៅ​ស្ថានីយ​ទាំងពីរ​ខាងលើ បាន​ប្រែក្លាយ​ទៅជា​ជញ្ជីង​ថ្លឹង​លុយ​យ៉ាង​ក្រអឺតក្រទម​អស់ទៅហើយ។ 

​ពួក​គេ​និយាយ​ថា ភាព​មិន​ប្រក្រតី ឬអំពើពុករលួយ ដែល​អាច​ធ្វើសកម្មភាព​ដោយ​រលូន នៅ​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ត​ស្ទឹង​ច្រាល និង​អូរ​ចំណារ ក៏ដោយសារតែ​មានការ​ឃុបឃិត បើកដៃ​ពីសំណាក់ លោក បូរី វង្ស​សា​និត្យ ប្រធានមន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះសីហនុ​តែម្តង។ 

ក្រុម​ប្រជាពលរដ្ឋ​និយាយ​ថា កន្លងមក ស្ថានីយ​ថ្លឹង​រថយន្ត​ទាំងពីរ​ខាងលើ​នេះ ទោះបី​ឈ្មួញ និង​អាជីវករ​ដឹកទំនិញ​តាម​រថយន្ត​ផ្ទុក​លើស​ទម្ងន់ ឬមិន​លើស​ទម្ងន់​បែប​ណា​ក្តី ក៏​ត្រូវតែ​បង់លុយ​តាម​ការកំណត់ របស់​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ត​ស្ទឹង​ច្រាល និង​អូរ​ចំណារ​ដូចគ្នា​ដែរ គ្រាន់តែ​បង់​តិច​ឬច្រើនតែ​ប៉ុណ្ណោះ។ 

ក្រុម​អ្នក​ដឹកទំនិញ​តាម​រថយន្ត​ឆ្លងកាត់​ផ្លូវជាតិ​លេខ៤ បាន​ស្នើ​ដល់ លោក ស៊ុន ចាន់​ថុល រដ្ឋមន្ត្រី​ក្រសួងសាធារណការ និង​ដឹកជញ្ជូន ក៏ដូចជា លោក សេង ឈួន ប្រធាន​ដឹកនាំ​ជញ្ជីង​ថ្លឹង​រថយន្ត​ទូទាំង​ប្រទេស ឲ្យ​ជួយ​ពិនិត្យ​ទៅលើ​សកម្មភាព របស់​ក្រុម​មន្ត្រី​ប្រចាំ​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ត​ស្ទឹង​ច្រាល និង​អូរ​ចំណារ​ឲ្យ​អនុវត្ត​ការងារ​ត្រឹមត្រូវ​តាមច្បាប់​ឡើងវិញ។ 

ប្រភព​ពី​ក្រុម​ឈ្មួញ និង​ក្រុម​អាជីវករ​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ផ្លូវជាតិ​លេខ៤ បាន​អះអាង​ថា ក្នុង​មួយ​ថ្ងៃ​ៗអាច​មាន​រថយន្ត​ដឹកទំនិញ ឆ្លងកាត់​មុខ​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ត​ស្ទឹង​ច្រាល និង​អូរ​ចំណារ ចន្លោះ​ចាប់ពី​ជាង ២០០ ទៅ៣០០គ្រឿង បាន​ធ្វើដំណើរ​តាមផ្លូវ​ជាតិ​លេខ៤។ 

ហើយ​ក្នុង​នោះ រថយន្ត​ដឹក​ថ្ម ខ្សាច់ ដែក និង​ស៊ីម៉ងត៍​ជាដើម ស្ទើរ​ទាំងអស់​ដែល​បើក​ចេញពី​ភ្នំពេញ ឬពី​ខេត្ត​កំពង់ស្ពឺ ឆ្ពោះទៅ​ខេត្ត​ព្រះសីហនុ គឺ​ភាគច្រើន​ដឹក​លើសចំណុះ ឬលើស​ទម្ងន់។ ហើយ​ថា ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ត​ទាំងពីរ អាច​ប្រមូល​លុយ​ពុករលួយ បាន​រាប់​លាន​រៀល​ក្នុង​មួយ​ថ្ងៃ​ៗ ដើម្បី​ដាក់​ហោប៉ៅ​ផ្ទាល់ខ្លួន។ 

ក្រុម​មន្ត្រី​រាជការ​ថ្នាក់ទាប បាន​ឲ្យដឹង​ដែរ​ថា ការដែល​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ត​ស្ទឹង​ច្រាល និង​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ត​អូរ​ចំណារ តាមផ្លូវ​ជាតិ​លេខ៤ អាច​ធ្វើសកម្មភាព​តាមអំពើចិត្ត វា​ជា​ប្រភព​ចំណូល របស់ លោក បូរី វង្ស​សា​និត្យ ប្រធានមន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះសីហនុ។ 

យ៉ាងនេះ​ក្តី លោក ស៊ុន ចាន់​ថុល រដ្ឋមន្ត្រី​ក្រសួងសាធារណការ និង​ដឹកជញ្ជូន បាន​បញ្ជាក់​ថា ចំពោះ​ភាព​មិន​ប្រក្រតី ដែល​អាច​កើតមាន​នៅ​តាម​ស្ដា​នី​យថ្លឹង​រថយន្ត​នី​មួយ​ៗ នៅ​កម្ពុជា នឹង​មិន​អាច​ធ្វើខុស​ច្បាប់​បាន​ទៀត​ទេ។ លោក​បន្ត​ថា ក្រសួង បាន​តម្លើង​ដាក់ឲ្យ​ដំណើរការ នូវ​ប្រព័ន្ធ​គ្រប់គ្រង​ការ​ដឹកជញ្ជូន​លើស​ទម្ងន់​កំណត់ ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​កាមេរ៉ា​ឆ្លាតវៃ និង​ជញ្ជីង​ស្វ័យប្រវត្តិ (AI Camera and Weight in Motion Sensor​) ចំនួន​ពីរ​ស្ថានីយ​សាកល្បង​ជំហាន​ដំបូង​សិន ដើម្បី​ត្រួតពិនិត្យ​យានយន្ត​ដឹកទំនិញ​លើស​ទម្ងន់ និង​ការ​គ្រោង​បិទ​យានដ្ឋាន​កែច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស ឱ្យ​បាន​អស់​ជាស្ថាពរ។

 លោក ស៊ុន ចាន់​ថុល ក៏បាន​អំពាវនាវ​ដល់​ក្រុមហ៊ុន​ដឹកជញ្ជូន​ទំនិញ​ទាំងអស់ ត្រូវ​គោរពច្បាប់​ចរាចរណ៍​ឱ្យ​បាន​ត្រឹមត្រូវ ដោយ​មិន​ត្រូវ​ដឹកទំនិញ​លើស​ទម្ងន់​ច្បាប់កំណត់ ដែល​នាំ​ឱ្យ​ផ្លូវ​ឆាប់​ខូច បង្ក​គ្រោះថ្នាក់​ចរាចរណ៍ បង្ក​ភាពយឺត​យ៉ាវ។ 

លេខាធិការ​ដ្ឋាន របស់​គណៈកម្មាធិការ​សម្របសម្រួល​អចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​ដឹកនាំ​ការ​ត្រួតពិនិត្យ​យានយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ បង្ហាញថា ក្នុង​ខែមិថុនា​ក្លង​ទៅ​នេះ សមត្ថកិច្ច​ចាប់បាន​រថយន្ត​ដឹកទំនិញ​លើស​ទម្ងន់​កម្រិត​កំណត់​ចំនួន ២២៨គ្រឿង និង​ពិន័យ​បាន​ថវិកា​សរុប​ចំនួន​ជាង ៤រយ​លាន រៀល (៤០៤ ៨៤០ ០០០​)។ តាម​របាយការណ៍ ចំនួន​រថយន្ត​ដែល​ចាប់បាន​មានការ​ថយ​ចុះ​ចំនួន ៤៨គ្រឿង បើ​ប្រៀបធៀប​ទៅ​នឹង​តួលេខ ខែមេសា ឆ្នាំ២០២០ ដែល​មាន​ចំនួន ២៧៦គ្រឿង​៕

© 2020, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.